ខេត្តសៀមរាប ៖ មានរឿងហួសចិត្តមួយបានធ្វើឲ្យមានភ្ញាក់ផ្អើលចំពោះរថយន្តតូរីសមួយគ្រឿង ដែលជារថយន្តខូច បើកជ្រុលល្បឿនទៅបុករថយន្តតូរីសដែលសណ្ដោងក្រឡាប់ធ្លាក់ស្ពាន កាលពីវេលាម៉ោង៣និង៣០នាទី នៅចំណុចស្ពានតូច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥។
តាមការឲ្យដឹងពីអ្នកបើករថយន្តខាងក្រោយរថយន្តកើតហេតុ ដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តតូរីស២គ្រឿង ដែលជារថយន្តរបស់ក្រុមហ៊ុន ZIFAM SUDIMA PHARMACEUTICAL CO .,LTD និងជាក្រុមហ៊ុនដឹកថ្នាំពេទ្យចែកចាយតាមហ្វាម៉ាស៊ី បណ្ដាខេត្ត/ក្រុង ដែលមានទីលំនៅ ផ្ទះលេខ៣៩ ផ្លូវ៣៧៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ បានសណ្ដោងគ្នាចេញពីស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងគោលបំណងយកទៅជួសជុលនៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចស្ពាន មានស្ថានភាពដីទួលឡើងស្ពាន ដែលគ្មានបង្កាន់ដៃ ខណៈពេលដែលផ្លូវកំពុងតែធ្វើការជួសជុល ក៏ស្រាប់តែរថយន្តដែលជាអ្នកសណ្ដោងម៉ាកតូរីស ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2B- 5954 បានបើកលឿនពេក ព្រោះភ្លេចគិតថាដីមិនរាបស្មើ ដល់ចុះទួល ដល់ឡើងទួលវិញ ក៏បានចាប់ហ្វ្រាំង បណ្ដាលឲ្យរថយន្តដែលខូច ពាក់ស្លាកលេខភ្នំពេញ 2C- 2552 សណ្ដោងនៅពីក្រោយមិនទាន់អស់ល្បឿនបានជ្រុលបុកពីក្រោយរថយន្តសណ្ដោង បណ្ដាលឲ្យរថយន្តសណ្ដោងជ្រុលធ្លាក់ទៅនៅក្រោមស្ពានក្នុងរថយន្ត បានធ្វើមនុស្សប្រុស–ស្រី៥នាក់រងរបួសស្រាល ចំណែករថយន្តខូចខាតទាំងស្រុង។
ករណីគ្រោះថ្នាក់ដោយគ្នាឯងនោះបានធ្វើឲ្យប្រជាពលរដ្ឋលាន់មាត់ថា នេះជាសំណាងល្អក្នុងមួយពាន់គ្រោះថ្នាក់ ដោយសារតែខ្សែសណ្ដោងបានដាច់ទាន់ កុំអីរថយន្តតូរីសដែលខូច ធ្លាក់សង្កត់ពីលើទៀត ប្រាកដជាធ្វើឲ្យមានមនុស្សគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតក៏មិនដឹង៕ ពី HRNews24
ប្រភពព័ត៌មានមកពី ABC Cambodia Fm 107.5 Mhz Fb Page