ស្ត្រីវ័យ៥៥ឆ្នាំម្នាក់ត្រូវជនមិនស្គាល់មុខចាប់រំលោភហើយសម្លាប់ចោលក្នុងចំការដំឡូង
ខេត្តស្វាយរៀង ៖ ករណីរំលោភសម្លាប់យ៉ាងឃោរឃៅដែលអ្នកភូមិសង្ស័យថា ជារឿងស្នេហាត្រីកោណនោះ សមត្ថកិច្ចកំពុងដុតដៃដុតជើងចុះស្រាវជ្រាវវែករកមុខឃាតករមកផ្តន្ទាទោសអស់រយៈពេលជាង១សប្តាហ៍មកហើយ គ្រាន់តែប្រាប់ថាមានតម្រុយខ្លះហើយ។
ទាក់ទិនករណីរំលោភសម្លាប់នេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ស្ត្រីរងគ្រោះអាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ត្រូវជនល្មោភតណ្ហាចាប់យកទៅរំលោភរហូតបានសម្រេច រួចសម្លាប់ចោលកាលពីវេលាម៉ោង៦ និង២០នាទីយប់ ថ្ងៃទី០៩ តុលា ២០១៥ នៅក្នុងព្រៃចម្ការដំឡូងខាងត្បូងផ្ទះស្ត្រីរងគ្រោះស្ថិតនៅភូមិឃុំខាងលើ។
ករណីនេះដែរ ប្រភពអ្នកជិតខាងបានបង្ហើបឲ្យដឹងថា ស្ត្រីរងគ្រោះធ្លាប់មានប្តីដើមហើយបានលែងលះគ្នាក្រោយមកក៏មានទំនាក់ទំនងជាមួយប្រុសផ្សេងទៀត លុះក្រោយមកទៀតឮថាប្តីដើមបានមកសុំជាគ្នាវិញហើយស្ត្រីរងគ្រោះក៏យល់ព្រមជានាគ្នាជាមួយប្តីដើមវិញ ក៏ប៉ុន្តែប្តីដើមមិនទាន់មករស់នៅជាមួយផងក៏មានអំពើចាប់រំលោភសម្លាប់តែម្តង។
ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងចុះស្រាវជ្រាវយ៉ាងសកម្មដើម្បីតាមចាប់ជនសង្ស័យឲ្យខាងតែបាន៕

Post a Comment